ផ្អើលរឿងកូនក្រពើ ឥឡូវចាប់បានវិញហើយ

សៀមរាប ៖ ក្រោយពីមានការព្រួយបារម្ភរបស់មហាជន នៅពេលបានឃើញលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើពិធីព្រលែងកូនក្រពើចូលស្រះទឹកទក្សិណអង្គរ ថាក្រពើនោះពេលធំអាចនឹងមានគ្រោះថ្នាក់រួចមក ឥឡូវនេះកូនក្រពើនោះត្រូវបានបុរសម្នាក់អះអាងថា ចាប់មកវិញហើយ នៅល្ងាចថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ 

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើពិធីព្រលែងកូនក្រពើតូចមួយ ចូលទៅក្នុងស្រះទឹកទក្សិណអង្គរ ក្នុងបំណងផ្លូវធម៌ បុណ្យបាប និងជំនឿ ព្រោះលោកជំទាវបញ្ជាក់ថា  « មានក្មេងស្ទូចបានទីនោះ ហើយលោកជំទាវទិញវាព្រលែងវិញទៅ » ។ 

ទោះជាយ៉ាងណា ការបារម្ភរបស់មហាជននៅតែកើតមាន ពេញបណ្ដាញសង្គមហ្វេសបុក និងបានធ្វើអោយអ្នករិះគន់មួយចំនួនតូចជ្រុលជ្រួសប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថលោកជំទាវក៏មាន ។ បន្ទាប់មក ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​សៀមរាបនិងអាជ្ញាធរអប្សរា បានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែល បានលែងនៅកសិន្ធុប្រាសាទអង្គរវត្តនោះមកវិញដែរប៉ុន្តែត្រូវពលរដ្ឋម្នាក់អះអាងថា បានរកឃើញហើយ ៕