ជិះរថយន្តជ្រុលបុករបាំងផ្លូវ និងខឹងជេរប្រមាថអ្នកសារព័ត៌មាន

ភ្នំពេញ ៖ បុរសម្នាក់និងនារីម្នាក់ បើករថយន្តសេរីទំនើបជ្រុលបុករបាំទ្រូងពុះចែកផ្លូវ នៅវេលាម៉ោង១និង៤០យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខនិង ធានាគារ May Bank ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ ហើយក៏ជេរប្រមាថអ្នកសារព័ត៌មានថែមទៀត ។ 

រថយន្តបង្កម៉ាក លុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-9631 បើកបរដោយបុរសម្នាក់ និង នារីម្នាក់ទៀតជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ។ 

យោងតាមប្រភពបានឱ្យដឹងថា ដំបូងឡើយ រថយន្តបង្កបើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ស្រាប់តែមកដល់ចំណុចកើតហេតុ រេចង្កូតទៅឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង តែមិនបណ្តាលរងរបួសនោះទេ ។ ខណៈនោះម្ចាស់រថយន្ដក៏បានលើកកាងផ្នែកខាងមុខ ដាក់ឃ្លុបក្រោយរថយន្ត រួចព្យាយាមបើករត់គេចប្រមាណជា១០០មែត្រ ក៏ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ផងដែរ ។ 

ប្រភពបន្តថា ភ្លាមៗនោះអ្នកសារព័ត៌មាន ក៏ចាប់ផ្ដើមផ្ដិតរូបភាព ស្រង់យកព័ត៌មានដើម្បីlive នៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ស្រាប់តែម្ចាស់រថយន្ត ចុះមកជេរប្រមាថ មើលងាយមកលើអ្នកសារព័ត៌មានខ្លាំងៗតែម្ថង ។ ទោះជារងនូវការជេរប្រមាថ ក៏អ្នកសារព័ត៌មានសុខចិត្តទ្រាំ ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង និងយករថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕ ដោយ ៖ តូនី