ចេញពីធ្វើការត្រលប់ទៅផ្ទះ ត្រូវរថយន្តបុកពីក្រោយ បណ្តាលអោយស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានប់បាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង នៅវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃអាទិត្យទី៩ ខែវិច្ឆុិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចកែងនិងផ្លូវទំនប់កប់ស្រូវ ស្ថិតនៅក្នុង សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សពជនរងគ្រោះមានឈ្មោះ យឿន សីហា ភេទប្រុសអាយុ២៥ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានស្រុកកំណើត នៅក្នុងឃុំត្នោតស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ជិះម៉ូតូម៉ាក Honda Scoopy សេរីឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HT-2193 រីឯរថយន្តបង្កមិនត្រូវបានស្គាល់នោះទេ រត់គេចបាត់ភ្លាមៗ ។ 

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ធ្វើដំណើរម្នាក់ឯង ក្នុងទិសដៅកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនស្គាល់ម៉ាក បើកស្របទិសគ្នា មកបុកពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ រួចរថយន្តបន្ថែមល្បឿនគេបាត់ ។ 

ក្រោយមក សមត្ថកិច្ចវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំណែកឯសពជនរងគ្រោះត្រូវសាច់ញាតិ បញ្ជូនយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ តូនី