ជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្តបុកស្លាប់ទាំង២នាក់

ភ្នំពេញ ៖ បុរស២នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុកចំពេញទំហឹង កាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤ ហៅ(ផ្លូវម៉ៃដា)កែងនិងផ្លូវឌួងងៀប ត្រង់ចំណុចស្ថានីយប្រេងសាំងលឹម លង់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះ(ស្លាប់)ទី១មានឈ្មោះ យិន នី អាយុ ៣៦ឆ្នាំ ធ្វើការនៅសិប្បកម្មផលិតទឹកសុទ្ធ ផ្នែកជាងភ្លើង ស្នាក់នៅជិតកន្លែងធ្វើការ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំណែកម្នាក់ទៀត មានឈ្មោះ ឃុយ ទូច អាយុ៣២ឆ្នាំ ធ្វើការសិប្បកម្មផលិតទឹកសុទ្ធ ផ្នែកវាយឡាំង មានស្រុកកំណើតនៅ ខេត្តព្រះវិហារ ។ គេទាំង២ជិះម៉ូតូម៉ាក ហុងដាវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ រីឯរថយន្តបង្ក ម៉ាកតាកូម៉ា ពណ៌សមិនចាំស្លាកលេខ ។ 

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមរងគ្រោះ ឌុបគ្នាចេញពីកន្លែងធ្វើការ តាមបណ្តោយផ្លូវ ឌួងងៀបទិសដៅពីត្បូងទៅជើង បំណងទៅកន្លែងស្នាក់នៅ។ ខណៈមកដល់ចំណុចកើតហេតុ ចំផ្លូវបំបែកជាបួន បើកឆ្លងមិនប្រយ័ត្ន ក៏មានរថយន្តបង្កកំណុងបើកល្បឿនលឿ តាមបណ្តោយផ្លូវ ២០០៤ (ម៉ៃដា) ក្នុងទិសដៅពីលិចទៅកើត ក៏ជ្រុលបុកបណ្តាលឲ្យស្លាប់ម្នាក់ភចំណែកម្នាក់ទៀត ស្លាប់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ ។ 

ប្រភពបន្តថា ភ្លាមៗរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌដង្កោ ត្រូវសមត្ថកិច្ច ចាប់បាន បញ្ជូនឲ្យជំនាញចរាចរណ៍ក្រុង រីឯសព ត្រូវសាច់ញាតិ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ