ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បាន

ភ្នំពេញ ៖ ជនសង្ស័យ១នាក់ ក្នុងចំណោម២នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីស្ត្រីម្នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម  បង្កការភ្ញាក់ផ្អើល នៅវេលា១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១០ខែវិច្ឆិកា ឆ្នាំ២០១៩ រួចប្រជាពលរដ្ឋប្រដេញចាប់បាន នៅតាមបណ្ដោយផ្លូវ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ វ័យប្រហែល២០ឆ្នាំ ប្រើប្រាស់មធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BK-5702 ។ 

តាមព័ត៌មានពីស្ត្រីរងគ្រោះបានប្រាប់ថា គាត់បានដកទូរស័ព្ទខលទៅបងប្អូន ខណៈមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទគាត់បានសម្រេច រួចបើករត់គេចមកដល់ផ្លូវ ៣០៦ក៏បានបងប្អូនប្រជាពលរដ្ឋ ស្ទាក់ចាប់បានជនសង្ស័យម្នាក់និងរត់រួចម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចសួរនាំ ។ 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទូរស័ព្ទជូនវិញ៕ដោយ ៖ ប្រុសពេជ្រ