តុលាការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ដល់លោក កឹម សុខា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចកែប្រែកាតព្វកិច្ចមួយចំនួន ដែលស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សម្រាប់ជនត្រូវចោទ ឈ្មោះ កឹម សុខា ។ 

សេចក្ដីប្រកាសបានបញ្ជាក់ពី ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមក បានគោរពត្រឹមត្រូវ តាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំង មានកិច្ចសហការល្អ ក្នុងដំណើរការនីតិវិធី តុលាការ ជាពិសេសបញ្ហាសុខភាព របស់ជនត្រូវចោទ ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

យោងតាមដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការ ចុះថ្ងៃទី១០ វិច្ឆិកានេះ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖ ក ៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។ គ ៖ ត្រូវឆ្លើយតបនឹងការកោះហៅ ពីគ្រប់សមត្ថកិច្ច។

សូមរំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ៕