បង្ក្រាបបានកន្លែង កាត់តតម្លើងរថយន្តទំនើបៗ អត់ពន្ធ ពេលកែហើយមើលបែកភ្នែក

កណ្ដាល ៖ សមត្ថកិច្ចនៃនគរបាលខេត្តកណ្ដាល បានធ្វើការ បង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្ត ខុសបច្ចេកទេសមួយកន្លែង ដកហូតវត្ថុតាង រថយន្តស៊េរីទំនើប៣គ្រឿង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា  ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល  ខេត្តកណ្ដាល ។ 

លោកឧត្ដមសេនីយទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្ដកណ្ដាលបានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើង ដោយមានការចូលរួមសម្របសម្រួល នីតិវិធីរបស់ លោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកណ្ដាល ការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយ កម្លាំងសាខាគយ និងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងពាក់ព័ន្ធ ។ 

ជាលទ្ធផលសមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន ៖  ១-រថយន្តទេសចរណ៍ ម៉ាកToyota camry Hybrid ពណ៌ស ចង្កូតឆ្វេង សេរីឆ្នាំ២០០៧ ( រថយន្តកាត់ត)។ ២-រថយន្តទេសចរណ៍ ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង ស៊េរីឆ្នាំ ២០០៤(រថយន្តកាត់ត)។ ៣-រថយន្តទេសចរណ៍ ម៉ាកlexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 (មិនមានឯកសារ)។ 

ចំពោះវត្ថុតាង រថយន្តទាំង០៣គ្រឿង ខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី  ចំនែកទីតាំងខាងលើ បិទសៀល ជាបណ្ដោះអាសន្ន ៕ 

សូមរង់ចាំ ១០ វិនាទី