សង្ស័យចាញ់ល្បែង នៅណាហ្គាវើលអស់ពីខ្លួន នគរបាលម្នាក់ បែកគំនិតប្លន់រថយន្ត យកមកលក់បានលុយ១៤០០០ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមតកិច្ចឃាត់ខ្លួន និងដកហូតអាវុធ៣ដើម បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព ប្លន់រថយន្តតាក់ស៊ីមួយគ្រឿង កាលពីជាងកន្លះខែមុន រួចយករថយន្តទៅលក់ឱ្យមនុស្សម្នាក់ នៅណាហ្គាវើល បានប្រាក់១៤០០០ដុល្លារ ។ 

ជនសង្ស័យមានឈ្មោះ ជុត ជីវន្ត័ អាយុ២៧ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលព្រហ្មទណ្ឌ នៅខេត្តព្រៃវែង រស់នៅស្រុកបាភ្នំខេត្តព្រៃវែង រីឯជនរងគ្រោះ ឈ្មោះ ពុធ រិទ្ធី អាយុ៣៣ឆ្នាំ ជាអ្នករត់តាក់ស៉ី រស់នៅ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជាម្ចាស់រថយន្តម៉ាកហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 ។ 

ប្រភពឱ្យដឹងនៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ជនសង្ស័យបានធ្វើសកម្មភាព ប្លន់យករថយន្តជនរងគ្រោះ កាលពីវេលាម៉ោងប្រហែល ១និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គរ័ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ មុនធ្វើសកម្មភាពប្លន់ ជនសង្ស័យ បានចេញពីលេងល្បែង នៅណាហ្គាវើល ជិះម៉ូតូឌុបទៅច្បារអំពៅ ដើម្បីម៉ៅរថយន្ត ទៅខេត្តព្រៃវែង ក៏ប៉ះចំរថយន្តជនរងគ្រោះ ដោយបើកទៅដល់ខេត្តព្រៃវែង និងត្រឡប់មកភ្នំពេញវិញ ទើបដល់ចំណុចកើតហេតុ ធ្វើសកម្មភាពតែម្ដង ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមរកឃើញ រថយន្តរបស់ជនរងគ្រោះ និងចាប់ជនសង្ស័យបាន រួមនឹងដកហូត អាវុធចំនួន៣ដើមផងដែរ ។ ជនសង្ស័យបានសារភាពថា ខ្លួនបានយករថយន្ត ដែលប្លន់បាន ជិះមកណាហ្គាវើល លុះព្រឹកឡើង គេបានពឹងសន្តិសុខ ណាហ្គាវើល ឲ្យមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ មកទិញរថយន្ត ក្នុងតម្លៃ ១៤,០០០ ដុល្លារ ហើយក៏គេចខ្លួន ។  

សមត្ថកិច្ចបានដកហូតរថយន្ត របស់ជនរងគ្រោះ ពីឈ្មោះ យ៉ាន សំអុល រួចប្រគល់ជនរងគ្រោះ ប្រើប្រាស់បណ្ដោះអាសន្ន រីឯជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ រតនា