បើបានឃើញ ជួយជិះម៉ូតូកង់បីគាត់ផង គាត់ជាមនុស្សគថ្លង់

ភ្នំពេញ ៖ មហាជនក្នុងសង្គមហ្វេសបុក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននាំគ្នាចាប់អារម្មណ៍ និងលើកទឹកចិត្ត បងប្រុសម្នាក់ជាមនុស្សគថ្លង់ ដែលមានមុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ដោយដាក់អក្សរបញ្ជាក់ជូនភ្ញៀវ ឱ្យបានជ្រាប ពីការទំនាក់ទំនង ជាមួយមនុស្សគថ្លង់ ដូចរូបគាត់ និងជៀសវាងមានការភាន់ច្រឡំ ។ 

នេះចាត់ទុកថា ជាករណីប្លែកក៏ថាបាន ព្រោះកន្លងមកយើង មិនដែល បានឃើញនិងបានជួប មនុស្សគថ្លង់ មានមុខរបរ បម្រើសេវាបែបនេះទេ ព្រោះទំនងជាពួកគាត់យល់ថា ពិបាកក្នុងការទំនាក់ទំនងជាមួយភ្ញៀវ ព្រោះភ្ញៀវនិយាយអ្វី ក៏ពួកគាត់ស្ដាប់មិនបានហើយចង់និយាយអ្វីទៅកាន់ភ្ញៀវវិញ ក៏និយាយមិនបាន ។ 

បន្ទាប់ពីឃើញរូបបងប្រុសម្នាក់នេះ មហាជនបានសម្ដែង នូវក្ដីអាណិត និងកោតសរសើរ ពីគំនិតច្នៃប្រឌិត ក្នុងការទំនាក់ទំនង ហើយមហាជន បានផ្ដល់នូវកម្លាំងចិត្ត ជួយគាំទ្រពួកគាត់ ដែលជាជនពិកា ដើម្បីធ្វើឱ្យជីវភាព បានធូរស្រាល ប្រសើរឡើង ក្នុងរបរដ៏សុចរិតនេះ ៕ ដោយ ៖ រតនា