ចាប់បានជនសង្ស័យវ័យក្មេង២នាក់ ដែលមានបទពិសោធន៍ ធ្លាប់ឆក់កាបូបនិងទូរស័ព្ទ ជោគជ័យ១០លើក

ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេង២រូប ត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបបាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ 

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យ ទី១៖ឈ្មោះ វង្ស រីឆាត អាយុ១៧ឆ្នាំ និង ទី២៖ឈ្មោះ រិន ប៊ីណាង អាយុ១៧ឆ្នាំ ជាមុខសញ្ញាឆក់កាបូប ទូរស័ព្ទដែលធ្លាប់ធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ។ 

ផ្អែកតាមចម្លើយសារភាព ជនសង្ស័យទាំង២នាក់ បានឲ្យដឹងថា រូបគេធ្លាប់ធ្វើសកម្មភាពផ្ទាល់ និងការពារពីក្រោយ (បិទគូថ) ចំនួន១១ដង (សម្រេច១០ដង) ។ ភាគច្រើនឆក់ កាបូប និងទូរស័ព្ទ ពីជនរងគ្រោះទាំងជនជាតិខ្មែរ និងជនរងគ្រោះ ជាជនបរទេសផងដែរ ។ 

បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញ នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងដើម្បីបញ្ជូន ជនសង្ស័យទាំង២នាក់ ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដ តាមនីតិវិធី ៕ ដោយ ៖ រតនា