កំពង់ស្ពឺក្លាយជាខេត្ត ដែលមានសក្តានុពល សម្រាប់ការវិនិយោគពីភាគីចិន ដែលធ្វើឱ្យអចលនទ្រព្យ នៅខេត្តមួយ នេះ កាន់តែឡើងថ្លៃខ្ពស់

កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញទទួល ជួបពិភាក្សាការងារជាមួយ តំណាងក្រុមហ៊ុនធំៗ ចំនួន៣៥ក្រុមហ៊ុន មកពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង សិក្សាស្វែងយល់ ពីឱកាសសម្រាប់វិនិយោគ នៅក្នុងខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន របស់គណប្រតិភូមកពី សាធារណរដ្ឋប្រជាមានិតចិន និងបន្តជម្រាបជូន អំពីស្ថានភាពរួម របស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានា ដែលកំពុងធ្វើការវិនិយោគ នៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាត ដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ កំពុងត្រូវការ អ្នកវិនិយោគគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្ត ហើយផ្តល់ទីផ្សារការរងារ នៅនឹងកន្លែងជាច្រើន ដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅ ជួបជុំគ្រួសារ ឱ្យកាន់តែប្រសើរឡើង ស្របពេលដែលខេត្តកំពង់ស្ពឺ កំពុងក្លាយជាជង្រុក របស់អ្នកវិនិយោគផងដែរ ។  

ដើម្បីឆ្លើយតប ទៅនឹងការរីកចម្រើន របស់ខេត្តកំពង់ស្ពឺនេះដែរ កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ ទំហំនៃការខ្ចីប្រាក់ ពីដៃគូអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត១៤០០លាន SDR (១ SDR = ៥៥៧៣,៨៣រៀល) ឬជិត២ពាន់លានដុល្លារដើម្បីយកមកស្ថាបនាផ្លូវសំខាន់ៗ ដូចជាធ្វេីឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង គម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៣៣  គម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៣១ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤១ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូន រាល់មុខទំនិញគ្រប់ប្រភេទ ទៅកាន់កំពង់ផែទឹកជ្រៅ នៅខេត្តកំពត និងព្រះសីហនុ ។

ហេីយការស្ថាបនា និងធ្វើ អោយប្រសើរឡើងនេះ បាននឹងកំពុងធ្វើឱ្យហាងឆេងដី និងអចលនទ្រព្យ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤១ កាន់តែមានតម្លៃខ្ពស់ និងបានក្លាយជាទីកន្លែងសំខាន់ សម្រាប់អោយវិនិយោគគិន ទាំងក្នុងនិងក្រៅប្រទេស ធ្វើការអភិវឌ្ឍន៍តំបន់នេះ កាន់តែច្រើនឡើងៗ ៕ ដោយ ៖ ចាន់ យុទ្ធនា