អធិការស្រុកបរកែវ លោក ជួប វណ្ណារក្ស ប្តឹងអ្នកកាសែតតូចតាចម្នាក់ ៣បទល្មើស

រតនគិរី ៖ យោងតាមដីកាកោះ ដែលចេញដោយ រ៉ា បូរ៉ាន់ឌី តំណាងអយ្យការ អមសាលាដំបូង ខេត្តរតនគិរី សំណុំរឿងព្រហ្មទណ្ឌលេខ៣៩៩ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ អញ្ជើញឈ្មោះ លី វណ្ណៈ មុខរបរជាអ្នកសារព័ត៌មាន ឋានៈជាជនសង្ស័យ ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូង ខេត្តរតនគិរី នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៩ព្រឹក ដើម្បីធ្វើការសាកសួរ ដំណើររឿង បរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណៈ និង បទកំហែងយក ។

ពាក់ព័ន្ធរឿងនេះ លោក លី វណ្ណៈ ដែលគេស្គាល់ថា ជាភ្នាក់ងារសារព័ត៌មាន គេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ បាននិយាយថា គេចោទរូបលោករឿង លោកផ្សាយ ដីចំណីបឹងកន្សែង ត្រូវគេរំលោភបំពាន និងចាក់ដីលុបផ្លូវទឹក ដោយគេសម្អាងថា មានបណ្ណកម្មសិទ្ធិ ។ លោកថា អ្នកមានកម្មសិទ្ធនោះ បាននិងកំពុងចាក់របងគ្រឹះ យ៉ាងរឹងមាំដោយមានទំហំ ទទឹង២៥ម៉ែត្រ+ជម្រៅទៅក្រោយខាងកើតប្រវែង៦០ម៉ែត្រ ជម្រៅទៅក្រោយខាងលិច៥០ម៉ែត្រ ស្ថិតក្នុងភូមិទេសដ៍អន្លង់ សង្កាត់បឹងកន្សែងក្រុង បានលុង ខេត្តរតនគិរី។ 

ដីមួយប្លង់នេះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់លោក ជួប វណ្ណារក្ស អធិការស្រុកបរកែវ បានកាត់ចេញ ពីប្លង់រួមដើម របស់ឈ្មោះគឹម ណៃ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទ:សំណាក់កុលសម្ព័ន្ធ កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១០ ចេញបណ្ណកម្មសិទ្ធិដោយលោក ទឹម ស៊ីណាត ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដី ។ 

លោក លី វណ្ណៈ បានប្រាប់ថា ចំពោះការកំហែងយកនេះលោកមិនបានប្រព្រឹត្តនោះទេ លោកហ៊ានស្បថ ឱ្យងាប់ចោលប្រពន្ធ និងកូន ប្រសិនបើបានធ្វើយ៉ាងដូច្នេះមែន ។ លោកធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈ តើហេតុអ្វីគេមិន គោរពច្បាប់ស្ដីពីរបបសារព័ត៌មានបែរជាមកអនុវត្តនីតិវិធី ទោសព្រហ្មទណ្ឌទៅវិញ ។ 

ជាមួយគ្នានេះ លោក ព្រហ្ម ឥន្រ្ទ នាយកគ្រប់គ្រងការផ្សាយ ទូរទស្សន៍ព្រះនរាយណ៍ បានប្រាប់ដែរថា ចំពោះបណ្ដឹងរបស់លោកជួប វណ្ណារក្ស មកលើ លោក លី វណ្ណៈ ដែលជាសហការីរបស់លោកនោះ គឺជាការបំបាក់ស្មារតី អ្នកសារព័ត៌មាន ដោយយកអំណាចតុលាការ មកគំរាមកំហែង ចាប់ដាក់គុក ។ លោកកំពុងធ្វើសំណើទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយរកយុត្តិធម៌ ។ 

លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវ បានថ្លែងថ្លែងប្រាប់នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា  ករណីបណ្ដឹងរបស់លោក គឺលោកស្នើឲ្យតុលាការចាត់ការតាមនីតិវិធី  ហើយឈ្មោះ លី វណ្ណៈ មិនបានកំហែងទារប្រាក់ពីខ្ញុំចំៗទេ គ្រាន់តែសរសេរថា អត់លុយ រួចក៏ចុះផ្សាយតែម្ដង ។

សូមជម្រាបថា កន្លងមក លោក លី វណ្ណៈ តែងតែផ្សព្វផ្សាយពីស្នាដៃ របស់ថ្នាក់ដឹកនាំ ដែលបានខិតខំ កសាងសមិទ្ធិផលនានា និងផ្សព្វផ្សាយពីភាពអសកម្ម របស់ក្រុមជនខិលខូច ប្រព្រឹត្តបទល្មើសព្រៃឈើ និង ល្បែងស៊ីសងខុសច្បាប់នានា រហូតថ្នាក់ដឹកនាំបង្ក្រាប បានជាបន្តបន្ទាប់ ៕ ដោយ ៖ រតនា