វិស្វករម្នាក់ ត្រូវរឺម៉កមូតូបុកស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បងជីវិត ខណៈកំពុងជិះម៉ូតូ ត្រូវម៉ូតូសណ្ដោងរឺម៉ក រេចង្កូតមកបុក កាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃសៅរ៍ ទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។ 

ជនរងគ្រោះមានឈ្មោះ ព្រំ សុីដេត អាយុ ៣១ឆ្នាំ មុខរបរវិស្វករ មានស្រុកកំណើត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-6123 រីរឺម៉កម៉ូតូ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន ។

ប្រភពឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ តាមផ្លូវជាតិលេខ២ ទិសដៅពីលិចទៅកើត រីឯរឺម៉ក បើកបរទិសដៅ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឱ្យ ជនរងគ្រោះស្លាប់តែម្ដង។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូទាំង២ ទៅរក្សាទុក នៅចរាចរណ៍ក្រុងភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ និងសាកសព ត្រូវសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕  ដោយ ៖ ធ្នូជ័យ