នារីម្នាក់បើករថយន្តទំនើប រេបុករបាំងថ្ម ក្រឡាប់រថយន្តផ្ងារជើង

ភ្នំពេញ ៖ នារីម្នាក់សង្ស័យស្រវឹង បានបើករថយន្ត ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់រថយន្ត និងហុយផ្សែងទ្រលោម នៅវេលា ម៉ោង១និង៣០នាទី យប់រំលងអធ្រា្រត ឈានចូលថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ មហាវិថីសហពន្ធ័រុស្សី ចំណុចស្ដុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

រថយន្តបង្ក ជារថយន្តស៊េរីទំនើប ម៉ាកបេលី ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ2AY-5666 បើកបរដោយ នារីម្នាក់សង្ស័យស្រវឹងមិនទាន់ស្គាល់អត្តសញ្ញាណ រីឯរបាំងថ្ម ដែលជាសម្បត្តិរបស់រដ្ឋ បានខូចខាតបាក់អស់២កង់  ។ 

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿនដូចហោះ ខណៈមកដល់ ចំណុចកើតហេតុ បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលរថយន្តក្រឡាប់ និងដាច់កង់ខាងមុខ ខាងស្តាំអស់មួយហើយហុយផ្សែងទ្រលោម ក៏ត្រូវរថយន្តពន្លត់អគ្គីភ័យ ចុះមកអន្តរាគមន៍ផងដែរ ។ បន្ទាប់មក អ្នកបើកបររថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយគាស់ទ្វារ យកចេញមកខាងក្រៅ រួចឡើងជិះរថយន្ត មួយគ្រឿងទៀត ចេញទៅបាត់ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចូវាស់វែង ស្ទូចរថយន្តបង្កទៅរក្សាទុក នៅចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ ៖ ធ្នូជ័យ