ពលរដ្ឋជិត១ពាន់នាក់ លើកគ្នាបណ្ដេញចៅអធិការវត្តគោកបញ្ជាន់ និងទាមទារដីដែលលក់ឲ្យឈ្មួញ យកមកទុកជា សម្បត្តិគរុភណ្ឌវត្តវិញ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ជិត១ពាន់នាក់ បានលើកគ្នាមកកាន់វត្តគោកបញ្ជាន់ ធ្វើកូដកម្មអហង្សា ដើម្បីស្នើសុំបណ្ដេញព្រះចៅអធិការវត្ត ចេញពីវត្ត ព្រោះបានកាត់ដីវត្តលក់ទៅឲ្យឈ្មួញ និងអសមត្ថភាព ក្នុងការដឹកនាំវត្ត ប្រព្រឹត្តផ្ទុយពីករណីកិច្ច និងពុទ្ធវិន័យជាដើម ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលា ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តគោកបញ្ជន់ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់លើកគ្នាមកពេលនេះ គឺដើម្បីស្នើសុំលក្ខខណ្ឌមួយចំនួន ទី១,សុំដកភិក្ខុសេង ថង ដែលជាចៅអធិការវត្តគោកបញ្ជាន់ ទី២, ត្រូវនិមន្តចេញពីវត្តជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ទី៣,សុំទាមទារដី ទំហំ៧ម៉ែត្រ គុណនឹង១៥០ម៉ែត្រ ដែលភិក្ខុសេង ថង លក់ឲ្យឈ្មួញ យកមកទុកជាសម្បត្តិ គរុភណ្ឌ វត្តវិញ។ ៤,សុំរៀបចំតែងតាំង ចៅអធិការវត្តជាថ្មីទី៥,រៀបចំបោះឆ្នោត ជ្រើសរើសអាចារ្យ គណៈកម្មការវត្តជាថ្មី និងទី៦,ដកចេញពីធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ ។ 

ប្រជាពលរដ្ឋខាងលើនោះ គឺជាអ្នករស់នៅក្នុងភូមិចោមចៅទី១ ទី២ ទី៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យដោយមិនកើតមានអំពើហឹង្សា ណាមួយនោះឡើយ និងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានដាក់កម្លាំងការពារសុវត្ថិភាព ទាំងសងខាង ខ្លាចមានអំពើហឹង្សា ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា រឿងហេតុនេះបានកើតឡើង យូរមកហើយ និងត្រូវបានក្រសួងធម្មការ និងសាសនាដោះស្រាយបញ្ចប់អធិករណ៍ រួចរាល់ហើយដែរ ប៉ុន្តែពេលនេះ មិនដឹងថាយ៉ាងម៉េច ទើបមានការតវ៉ាជាថ្មី ប៉ុន្តែបន្ទាប់ពីធ្វើការតវ៉ា បានរយៈពេលប្រហែល២ម៉ោង ប្រជាពលរដ្ឋ ក៏បានរំសាយទៅវិញ ដោយសារ មានការអះអាងពីភាគីពាក់ព័ន្ធ ឱ្យរង់ចាំលទ្ធផលដោះស្រាយ នៅពេលដ៏ខ្លីខាងមុខនេះ ៕ ដោយ ៖ ប៉ូច គឹមសុខ