ផ្សារដំបូល ខ្ទាតកម្ទេចភ្លើងលើគំនរឈើ បណ្តាលឲ្យឆាបឆេះសិប្បកម្មមួយ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយ បានកើតឡើង ដោយសារ ជាងផ្សារដំបូល បានខ្ទាតកម្ទេចភ្លើង ធ្លាក់ទៅលើគំនរឈើបណ្តាលឲ្យឆាបឆេះ កាលពីវេលា​ម៉ោង​១០និង២០នាទីយប់ ថ្ងៃចន្ទ ទី២ ខែធ្នូ​ ឆ្នាំ​២០១៩ ត្រង់ចំណុចសិប្បកម្មមួយកន្លែងផ្ទះ​លេខ០៩ខាងលិចបន្ទាយទាហាន កងពលតូចលេខ៣ ប្រមាណ៣០០ម៉ែត្រ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សរ​ មោលីឌមាជោតិក​ ភេទ​ប្រុស​ អាយុ​ ៥៩ឆ្នាំ​ មុខរបរ បើកសិប្បកម្ម បច្ចុប្បន្នស្នាក់នៅទីតាំងកើតខាងលើ  ។ ហើយករណីអគ្គីភ័យខាងលើនេះ បណ្តាលមកពី ជាងផ្សារដំបូលខ្ទាតកម្ទេចផ្កាភ្លើង ចូលគំនរឈើបណ្តាលឲ្យឆាបឆេះ ឈើចាស់ៗមួយចំនួនធំ តែម្ដង ។ 

សមត្ថកិច្ចបានបន្ថែមថា សមត្ថកិច្ចបាន ប្រើប្រាស់​រថយន្ត​អគ្គីភ័យ​​ ចំនួន​២គ្រឿង ប្រើប្រាស់ទឹកអស់៣រថយន្ត ក្នុងនោះដោយធ្វើការបាញ់ ពន្លត់ជាង១ម៉ោង ទើបរលត់ទៅវិញ នៅយប់ ថ្ងៃ​កើតហេតុដដែល ៕ ដោយ ៖ ធ្នូជ័យ