អ្នករត់កង់បី ព្រួតវាយអ្នករត់កង់បី ព្រោះចោទថា គ្មានសិទ្ធិនិងមិនបានបង់បេន

ភ្នំពេញ ៖ អ្នករត់ម៉ូតូកង់បី ( ឥណ្ឌា) ជើងខ្លាំងប្រចាំ នៅបេនមុខ ផ្សារអុី អន២ បានព្រួតគ្នាវាយ អ្នករត់ម៉ូតូកង់បី២នាក់ មកពីខាងក្រៅរបួសបែកក្បាល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្តុប ផ្សាអុីអន២ តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៩២ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជនដៃដល់និងជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ មានមុខរបរជាអ្នករត់ម៉ូតូកង់បី ដូចគ្នា ។ 

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ បានបើកម៉ូតូកង់បី ចំនួន២គ្រឿង មកចតនៅចំណុច កន្លែងកើតហេតុ ។ ខណៈនោះ ក្រុមអ្នករត់ម៉ូតូកង់បី ដែលអះអាងថា ពួកបានបង់បេន ប្រមាណជា២០ ទៅ៣០នាក់ បាននាំគ្នាមកដេញក្រុមរងគ្រោះឱ្យចេញ ព្រោះគ្មានសិទ្ធិចតឡើយ បើគ្មានបង់ភាស៊ី ។ 

ប្រភពបន្តថា បន្ទាប់មកក៏បាន ទាស់ពាក្យសម្តីគ្នាមួយប្រាវ កើតជាអំពើហិង្សា ខាងភាគីម៉ូតូកង់បី ដែលប្រចាំបេន នៅទីនោះ បានព្រួតវាយ អ្នករត់ម៉ូតូកងបីមកពីក្រៅ ទាំង២នាក់ ឱ្យរងរបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកអន្តរាគមន៍ ធ្វើការឃាត់ខ្លួន ជនបង្កបានចំនួន៣នាក់ រួមនិងម៉ូតូកង់បីចំនួន៣គ្រឿង ចំណែកបក្ខពួកដៃដល់ មួយក្រុមទៀត រត់គេចខ្លួនបាត់អស់ ។ 

បច្ចុប្បន្ន ជនដៃដល់និងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនមកអធិការដ្ឋាន នគរបាលខណ្ឌសែនសុខសួរនាំ បន្ត និងធ្វើកំណត់ហេតុ តាមនិតិវិធីច្បាប់ ៕ ដោយ ៖ ធ្នូជ័យ