មានជនខិលខូច បន្លំជាមន្រ្តីកាំកុងត្រូល ដើរទារប្រាក់ ជាថ្នូដោះស្រាយបញ្ហា ឬមិនចុះត្រួតពិនិត្យ

ភ្នំពេញ ៖ អគ្គនាយកនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ទូទាំងប្រទេស ឱ្យបានជ្រាប ពីជនខិលខូច បន្លំដើរតួជាមន្រ្តី ទៅទារប្រាក់ ដោយអះអាង ជាថ្នូរនិងការជួយដោះស្រាយបញ្ហា ឬសម្របសម្រួល លើបាតុភាពណាមួយ ឬជាថ្នូរនឹងការមិនចុះ ត្រួតពិត្យជាដើម ។ 

ជាមួយនឹងបញ្ហានេះ ដើម្បីទប់ស្កាត់និងវែកមុខជនខិលខូច ឱ្យទទួលខុសត្រូវមុខច្បាប់ អគ្គនាយកនាយកដ្ឋាន កាំកុងត្រូល សូមបញ្ជាក់ជូនថា នៅរៀងរាល់ប្រតិបត្តិការការងារ មន្រ្តីជំនាញរបស់អគ្គនាយកនាយកដ្ឋាន កាំកុងត្រូល គឺមានសំលៀកបំពាក់ឯកសណ្ឋានការងារ ដោយមានភ្ជាប់ស្លាកឈ្មោះ លេខសម្គាល់ខ្លួន និងមានលិខិតបញ្ជា បេសកកម្មការងារច្បាស់លាស់ ។ ប្រសិនបើមានការសង្ស័យ សូមផ្ដល់ដំណឹងទៅកាន់ លេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ។ ព័ត៌មានលម្អិត សូមពិនិត្យជ្រាបសេចក្ដីជូនដំណឹងនៅខាងក្រោម ៕ ដោយ ៖ រតនា