មុខសញ្ញាចោរឆក់ រត់ឡើងផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចឡោមព័ទ្ធចាប់បាន

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការប្រដេញ តាមឃាត់ខ្លួន ជនសង្ស័យ២នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ មិនបានសម្រេច ហើយជនសង្ស័យផ្តួលម៉ូតូរត់ ឡើងទៅលើដំបូលផ្ទះ ប្រជាពលរដ្ឋ នាវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយ ផ្លូវកម្ពុជាក្រោម កែងផ្លូវ215 នៅត្រង់ចំណុច ស្តុបដេអិន ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

ជនសង្ស័យទាំង២នាក់ ( ចាប់បានម្នាក់ រត់បាត់ម្នាក់ ) នៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1IA-2868 ។ 

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ខាងលើនេះកម្លាំងជំនាញ បានល្បាតពួនស្ទាក់ និង តាមច្បាមមុខសញ្ញាចាស់ លុះមកដល់ចំណុចផ្លូវ107 កែងនិងផ្លូវកម្ពុជាក្រោម ទើបប្រទះឃើញជនសង្ស័យទាំង២នាក់ ។ ពេលនោះជនសង្ស័យ បានផ្តួលម៉ូតូ ហើយរត់គេចឡើងផ្ទះ របស់ប្រជាពលរដ្ឋ សម្ងំលាក់ខ្លួន អស់ជាង២ម៉ោង ទាល់តែប្រើប្រាស់កម្លាំង ជាច្រើននាក់ មកជួយអន្តរាគមន៍ ឡោមព័ទ្ធ ទើបឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតគេចបាត់ ។ 

ក្រោយពេលកើតហេតុ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ នាយកដ្ឋាន ព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ដោយ ៖ តូនី