ក្រសួងមហាផ្ទៃ ស្នើអភិបាលរាជធានី បង្អង់ចំណាត់ការរដ្ឋបាលបណ្ដោះអាសន្ន លើករណីទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍឬស្សីកែវ

ភ្នំពេញ ៖ ក្រោយពីមានភាពចម្រូងចម្រាស់ កាន់ក្ដៅឡើងៗ រវាងប្រជាពលរដ្ឋ៨គ្រួសារ ដែលរស់នៅ តំបន់អភិវឌ្ឍឬស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ជាមួយអាជ្ញាធរនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានជម្រាបមក អភិបាលរាជធានីភ្នំពេញ ដោយស្នើអភិបាលរាជធានីភ្នំពេញ បង្អង់ចំណាត់ការរដ្ឋបាល បណ្ដោះអាសន្ន លើករណីទំនាស់ និងរក្សាភាពដើមនៃទីតាំងទំនាស់នេះ ។ 

ផ្អែកតាមកម្មវត្ថុ ក្រសួងមហាផ្ទៃ ស្នើឱ្យ ឯកឧត្ដមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បង្អង់ចំណាត់ការរដ្ឋបាលពាក់ព័ន្ធ នឹងទីតាំងទំនាស់ ជាបណ្ដោះអាសន្ន ដើម្បីទុកលទ្ធភាពឱ្យ មន្រ្តីអគ្គាធិការដ្ឋាន ចុះធ្វើការអង្កេតស្រាវជ្រាវ  ជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍រដ្ឋបាលរាជធានីភ្នំពេញ និងផលប្រយោជន៍ច្បាប់ ។ 

សូមជម្រាបថា លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអាជ្ញាធរវាយកម្ទេច រហូតមានការទ្រហោរស្រែកយំ ពីម្ចាស់លំនៅដ្ឋាននិងការតវ៉ាជាបន្តបន្ទាប់ ប៉ុន្តែការតវ៉ា និងសំណូមពររបស់ពលរដ្ឋ ទាំង៨គ្រួសារនោះ ពុំទទួលបានលទ្ធផលល្អនោះទេ គឺអាជ្ញាធរនៅតែអះអាងបញ្ជាក់ថា គឺធ្វើតាមច្បាប់ និងយកដីនោះប្រគល់ ជូនប្រជាជនក្រីក្រផ្សេងទៀត ដើម្បីអភិវឌ្ឍ ។ កន្លងមក អាជ្ញាធរក៏បានប្រកាស ចាត់វិធានការផ្លូវច្បាប់ចំពោះ លោក ព្រំ បូរ ផងដែរ ។

ពលរដ្ឋទាំង៨គ្រួសារនោះធ្លាប់និយាយថា ដីដែលយកពីពួកគាត់ទៅ គឺយកទៅពុះឡូតិ៍លក់ និងមានវត្តមានឈ្មួញធំៗ ចុះមកទីតាំងនេះទៀតផង ។ អ្នកតាមដានសភាពការណ៍នេះនិយាយថា បើអភិវឌ្ឍ គួរយកដីនេះ ទៅសាងសង់មន្ទីរពេទ្យ ឬសាលារៀន ឬស្នាក់ការរដ្ឋផ្សេងៗ ទើបសាកសម ៕ ដោយ ៖ រតនា 

សូមរង់ចាំ ១០ វិនាទី