ទីបំផុត ! បញ្ចប់តួនាទី ចៅអធិការវត្តគោកបញ្ជាន់ ករណីឃុបឃិតជាមួយអាជ្ញាធរលក់ដីវត្ត

ភ្នំពេញ ៖ ទីបំផុត គណៈសង្ឃនាយក បានចេញសេចក្ដី សម្រេចបញ្ចប់តួនាទី ព្រះចៅអធិការវត្តគោកបញ្ជាន់ ភិក្ខុ សេង ថង បន្ទាប់ពីការស្រាវជ្រាវយ៉ាងល្អន់ លើករណីលួចលក់ដីវត្តគោ​ត្ត​មរ​ង្សី​ ហៅ​វត្ត​គោក​បញ្ជាន់ ស្ថិតនៅសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានី​ភ្នំពេញ ។ 

ភិក្ខុ សេង ថង​ ត្រូវបានគណៈសង្ឃ​នាយក​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សម្រេចបញ្ចប់មុខតំណែង ពី​ចៅអធិការវត្ត ​គោ​ត្ត​មរ​ង្សី​ ហៅ​វត្ត​គោក​បញ្ជាន់​ និង​តំណែង​ធម្មធរ​អនុគណ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ​។ នេះ​បើ​យោង​តាម​លិខិត​លេខ​ ២០៨​/១៩​ ស.ន.ក.ជ​ ចុះ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩​ របស់​គណៈសង្ឃ​នាយក​ ។ 

នៅក្នុងសេចក្តីសម្រេច បានបង្ហាញពីមូលហេតុ នៃការដកតំណែង ភិក្ខុ សេង ថង ដោយសារជាប់ពាក់ព័ន្ធ ករណីសហការ ជាមួយអាជ្ញាធរមូលដ្ឋាន កាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រ ដែលជាសម្បត្តិគរុភណ្ឌ លក់ខុសច្បាប់ ។ ក្រៅពីកាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រ លក់បានជោគជ័យ កាលពីថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៥រួចមក នៅក្នុងអំឡុងឆ្នាំ២០១៦ ព្រះសង្ឃ សេង ថង បានស្នើសុំដោះដូដីស្រះព្រះទន្លេ ជាដីកម្មសិទ្ធិរបស់វត្តទំហំជិត៤ហិកតា ដែលទង្វើទាំងអស់នេះ បានបង្ហាញថា ព្រះសង្ឃ សេង ថង មានចេតនា ព្យាយាមលក់ដីស្រះទន្លេបន្ថែមទៀត។

ដីវត្តគោកបញ្ជាក់ទំហំ ៧ គុណនឹង ១៥០ម៉ែត្រ ត្រូវបានព្រះសង្ឃ សេង ថង និងបក្ខពួក លួចលក់កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ដោយមានឈ្មោះ ចក់ ឆុន ដែលគេស្គាល់ថា ជាសមាជិកគណៈកម្មាការវត្ត ជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិ ទៅឲ្យឈ្មោះ យ៉ង សម្បត្តិភេទប្រុស មានប្រពន្ធឈ្មោះ ឃុន សុខអែម។ ចំពោះការកាត់ដីទំហំ៧គុណនឹង១៥០ម៉ែត្រដែលជាផ្នែកមួយ នៃដីកម្មសិទ្ធិវត្តទំហំជិត៧ហិកតា ដែល មានប្លង់រឹងក្បាលដីលេខ ៧២៩ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ គឺធ្វើឡើងដោយមានលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយ ហើយអាជ្ញាធរចុះហត្ថលេខាលើលិខិត ផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់ កាត់ចំណែកដីប្លង់រឹងរបស់វត្ត លក់តែម្តង។ 

ជាមួយគ្នានេះ គណៈសង្ឃនាយក នៃព្រះរាជានណាចក្រកម្ពុជា ក៏បានស្នើឲ្យ អាជ្ញាធរមានសមត្ថកិច្ច ចាត់ការលើបុគ្គល ដែលពាក់ព័ន្ធករណីលួចដីវត្តលក់ ទៅតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សានូវសម្បត្តិគរុភណ្ឌរបស់វត្ត និងសង្ឃ ។ សូមរំលឹកថា កន្លងទៅថ្មីៗនេះខណៈប្រជាពុទ្ធបរិស័ទ រាប់ពាន់នាក់ផ្ទុះការតវ៉ា ទាមទារឱ្យដក ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះសង្ឃ សេង ថង នេះចេញ ក៏ស្រាប់តែ ព្រះសង្ឃ សេង ថង បានឆ្លើយតបវិញថា រឿងនេះ គឺព្រះអង្គមិនដឹងអ្វីទាំងអស់ ហេតុទាំងឡាយគឺ លោក សុទ្ធ សាធ អតីតចៅសង្កាត់ចោមចៅ កាលនៅរស់ ជាអ្នករៀបចំទាំងអស់ ហើយបើនរណាចង់តវ៉ា ឬចង់ស្រាវជ្រាវរកការពិត សូមទៅសួរព្រលឹងអ្នកស្លាប់នោះទៅ ។ 

ជាការកត់សម្គាល់ វត្តអារ៉ាមនានាដែលស្ថិតក្នុងទឹកដី ខណ្ឌពោធិ៍ជ័យ តែងតែមានឈ្មួញស្រក់ទឹកមាត់ ប្រើគ្រប់វិធី និងគ្រប់រូបភាពដើម្បីជំនួញលើដីវត្ត ដែលពួកគេគិតថា ចំណេញបានច្រើនលើសលុប ដោយចំណាយដើមតិចបំផុត ។ មានស្រះរួមភូមិខ្លះ នៅមុខវត្តក៏ត្រូវបានលុប រួចពុះឡូត៍លក់ឡើងគគ្រឹកគគ្រែង និងវត្តខ្លះទៀត អាចរក្សាដីវត្តបាន គឺត្រឹមរបងតែម្ដង ប្រសិនបើគ្មានរបង ប្រហែលពិបាកទប់ទល់ជាឈ្មួញខិលខូចបន្តិចហើយ ព្រោះពួកគេមានល្បិចស៊ីដីវត្តខ្ពស់ណាស់ ៕ ដោយ ៖ រតនា 

សូមរង់ចាំ ១០ វិនាទី