ស្រ្តីចងការលុយម្នាក់ ត្រូវគេសម្លាប់ ក្នុងផ្ទះមួយបុរីTown

ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលមានមុខរបរ ជាអ្នកចងការលុយ ត្រូវបានគេសម្លាប់ រួចបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ E42A ផ្លូវលេខបុរីTown ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ឃីន សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ អ្នកលក់កាហ្វេ និងចងការលុយ នៅផ្សារដេប៉ូ ស្នាក់ផ្ទះលេខ៥៩ ផ្លូវ១៣៤ សង្កាត់ផ្សារដេបូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

យោងតាមសម្តីបងស្រី របស់ជនរងគ្រោះ បានឲ្យដឹងថា នារសៀលថ្ងៃកើតហេតុ ជនរងគ្រោះបានប្រាប់ ថាចេញទៅយកលុយគេនៅផ្ទះមិត្តភក្តិ ( ចំនុចកើតហេតុខាងលើ ) រួចក៏បានបាត់ដំណឹង ខុសពីធម្មតា ទើបគាត់បានទូរសព័្ទទៅសួរ ប៉ុន្តែទំនាក់ទំនងមិនបានសោះ លុះមកដល់ល្ងាចថ្ងៃដដែល ក៏មានសាច់ញាតិមិត្តភក្តិ ជនរងគ្រោះម្នាក់ បានទូរសព័្ទមកប្រាប់ថា« ជនរងគ្រោះគាំងបេះដូង ស្លាប់ហើយ » ។

ប្រភពបន្តថា ភ្លាមៗនោះ គាត់ក៏បាននាំក្រុមគ្រួសារ ទៅកន្លែងកើតហេតុ ស្រាប់តែទៅដល់ ក៏ឃើញប្អូនស្រីរបស់ខ្លួនដេកស្លាប់ លើការ៉ូ ក្នុងសភាព សុទ្ធតែស្នាមរឹតក និង ចងដៃចងជើង គាត់ក៏សង្ស័យថា ប្អូនរបស់ខ្លួន មិនមែនស្លាប់ដោយសារគាំងបេះដូងទេ ទើបរាយការណ៍ជូនសមត្ថកិច្ច ។  

ក្រោយការត្រួតពិនត្យ និងកោសលវិច័យ រួចមកសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះពិតជា ត្រូវគេសម្លាប់ ពិតប្រាកដមែន រីឯមូលហេតុយ៉ាងណា សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមនីតិវិធី ៕ ដោយ ៖ ធ្នូជ័យ 

សូមរង់ចាំ ១០ វិនាទី