ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្ម បណ្ដាលឱ្យ បាត់បង់ជីវិត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូ ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្ម កាលពីវេលា ម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចមុខក្លិបBlueline ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ  ប៊ុន រ៉ងម៉ារឺលី អាយុ ៤០ឆ្នាំ  ស្នាក់នៅផ្ទះលេខ5A ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ជិះម៉ូតូPCX ពាក់ស្លាកលេខ 1AV-0610  ។ 

ប្រភពបានឱ្យដឹងថា ដំបូងឡើយ គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ 271 ទិសដៅពីត្បូងទៅជើង ក្នងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅបុករបាំងថ្ម បែងចែកទ្រូងផ្លូវ បណ្ដាលឱ្យបោកក្បាល បាក់ ក ស្លាប់តែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមន រីឯសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ដោយ ៖ តូនី 

សូមរង់ចាំ ១០ វិនាទី