ជិះម៉ូតូជ្រុលបុករថយន្តកុងតឺន័រ បណ្ដាលឱ្យស្លាប់ ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូល្បឿនលឿន ជ្រុលបុករថយន្តកុងតឺន័រកំពុងតែបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុច មុខសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះដែលស្លាប់មានឈ្មោះ យាន ច័ន្ទគា  អាយុ ៣៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួល ជិតវត្តតាំងកសាង មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង ចំណែកឯអ្នករួមដំណើររងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ អ្នកទាំង២ជិះម៉ូតូ ម៉ាកឌ្រីមសង់C125 ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HL-6642 រីឯរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-7047 បើកបរដោយឈ្មោះ ស៊ុន សុីវន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ បើកចេញពីច្រក ក្បែរសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ទៅទិសខាងលិច ។ កំពុងតែបត់ ក៏ស្រាប់តែមានម៉ូតូរងគ្រោះ ជិះគ្នា២នាក់ យ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត ជ្រុលមកបុកចំ ធុងសាំងកុងតឺន័រពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ធ្លាក់ចូលកង់កណ្ដាលកិនស្លាប់ និងម្នាក់ទៀតខ្ទាតចេញ រងរបួសធ្ងន់ ចំណែករថយន្តកុងតឺន័រ ក៏ព្យាយាមគេចពីម៉ូតូ បានជ្រុលធ្លាក់កង់ ខាងមុខចូល ប្រឡាយទឹកស្អុយ កល់ជាប់ទៅមុខលែងរួច ។

ក្រោយពីកើតហេតុ តៃកុងរថយន្តត្រូវបានឃាត់ខ្លួន និងសមត្ថកិច្ច វាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសព ត្រូវសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

សូមរង់ចាំ ១០ វិនាទី