ម្ដាយតារាពេជ្រ សូលីកា ជាប់សង្ស័យជាអ្នកសម្លាប់ ស្រ្តីចងការប្រាក់កាលពីយប់ម៉ិញ

ភ្នំពេញ ៖ ក្រោយពីភ្ញាក់ផ្អើលអំពើឃាតកម្ម មកលើស្រ្តីម្នាក់ កាលពីយប់ម៉ិញ សមត្ថកិច្ចបានឈានទៅកំណត់ជនដៃដល់ បានហើយគឺជាម្ដាយរបស់តារាល្បី ពេជ្រ សូលីកា រួចសមត្ថកិច្ចយកជនដៃដល់ មកចង្អុលបង្ហាញពីសកម្មភាព របស់ខ្លួន នៅចំណុចកើតហេតុនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។ 

ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខE42A ផ្លូវលេខV16A ( បុរីវីឡាថោន) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ( ចំណុចកើតហេតុ ) ត្រូវជាម្ដាយ របស់តារាល្បី ពេជ្រ សូលីកា ។ រីឯស្រ្តីរងគ្រោះ មានឈ្មោះ ឃីន សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ អ្នកលក់កាហ្វេ និង ចងការលុយ នៅផ្សារដេបូ ស្នាក់ផ្ទះលេខ៥៩ផ្លូវ១៣៤ សង្កាត់ផ្សារដេបូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

សូមរំលឹកថា ការស្លាប់របស់ស្រ្តីខាងលើ បានបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ស្ថិតនៅផ្ទះរបស់ជនសង្ស័យ ។ 

យោងតាមសម្តីបងស្រី របស់ជនរងគ្រោះ បានឲ្យដឹងថា នារសៀលថ្ងៃកើតហេតុ ជនរងគ្រោះបានប្រាប់ ថាចេញទៅយកលុយគេនៅផ្ទះមិត្តភក្តិ ( ចំនុចកើតហេតុខាងលើ ) រួចក៏បានបាត់ដំណឹងតែម្ដង ។ រហូតមានការភ្ញាក់ផ្អើល ប្អូនស្រីគាត់ស្លាប់ លើការ៉ូ ក្នុងសភាព សុទ្ធតែស្នាមរឹតក និង ចងដៃចងជើង និងបាត់គ្រឿងអលង្កាជាច្រើន ទើបគាត់ក៏រាយការណ៍ជូនសមត្ថកិច្ច ។  

ប្រភពបានបង្ហើបពីមូលហេតុ ដែលផ្ដើមឱ្យមាន អំពើមនុស្សឃាដនេះ គឺផ្ដើមឡើង ដោយសារការប្រចណ្ឌ ព្រោះ រវាងស្រ្តីរងគ្រោះនិងស្រ្តីសង្ស័យ អាចស្រឡាញ់ ភេទដូចគ្នា ។ ពេលនោះ ជនសង្ស័យបានទារ លុយចំនួន១៥០០០ដុល្លារ ពីជនរងគ្រោះ ដែលឲ្យយកទៅរកស៊ីចងការ តែជនរងគ្រោះមិនព្រមឲ្យ ក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើងជនសង្ស័យ ក៏បានយកខ្សែអាវ ធ្វើពីកំណាត់ ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះ ទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខ ផ្ទប់ជាមួយខ្នើយកើយ រហូតថប់ដង្ហើមស្លាប់  ទើបជនសង្ស័យ បានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំ ដាក់សពឲ្យដេកដូចមនុស្សធម្មតាស្លាប់ រួចឱ្យគេខលទៅប្រាប់ គ្រួសាររងគ្រោះថា ស្រ្តីរងគ្រោះស្លាប់ ដោយសារខ្យល់គរ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបន្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ ៖ រតនា

សូមរង់ចាំ ១០ វិនាទី