យុវជនក្រុម៨ នាំយកអំណោយ ឯកឧត្តមហ៊ុន ម៉ាណែត ចែកជូនពលរដ្ឋទីទាល់ក្រ ជនពិការ និងសិស្សានុសិស្សនៅស្រុកជើងព្រៃ ចំនួន៦០គ្រួសារ

កំពង់ចាម ៖ យុវជនក្រុម៨ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋទីទាល់ក្រ ជនពិការ និងសិស្សានុសិស្សមកពី ៥ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាការចូលរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះដែរលោក ម៉ឹង មករា ប្រធានយុវជនក្រុម៨ បានថ្លែងថា យុវជនក្រុម៨ បង្កើតឡើងគឺដើម្បី ប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ ហើយជាក្រុមអ្នកមាន “មាននោះគឺមាន សណ្តានចិត្ត ស្ម័គ្រចិត្ត ជួយបងប្អូន ប្រជាពលរដ្ឋ មានតិចជួយតិច មានច្រើនជួយច្រើន ដោយមិនប្រកាន់និន្នាកានយោបាយ អ្វីទាំងអស់”។

លោក ម៉ឹង មករា ប្រធានយុវជនក្រុម៨ បានបន្តថា ដោយការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ទើបកម្ពុជាជួបនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី មានការអភិវឌ្ឍន៍ ធ្វើឱ្យប្រជាពលរដ្ឋមានឱកាស កសាងជីវភាព រីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។

លោក ម៉ឺង មករា ប្រធានយុវជនក្រុម៨ ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានចាត់ឲ្យក្រុមការងារចុះជួយប្រជាពលរដ្ឋនូវតាមមូលដ្ឋានឲ្យបានជាប់ជាប្រចាំផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ក្រុមយុវជនក្រុម៨ ក៏បាននាំយកអំណោយទាំងនេះ យកទៅប្រគល់ជូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃចំនួន ៥ឃុំរួចមកហើយ ហើយនៅថ្ងៃអាទិត្យនេះ បានបន្តនាំអំណោយទៅប្រគល់ជូន ៥ឃុំបន្ថែមទៀត។ 

ប្រជាពលរដ្ឋទាំង ៦០គ្រួសារមកពីឃុំទាំង៥រួមមាន៖

*ឃុំសូទិព្វ មានចំនួន១០គ្រួសារ*ឃុំព្រៃចារ មានចំនួន១១គ្រួសារ *ឃុំខ្នុលដំបង មានចំនួន១០ *ឃុំផ្ដៅជុំ មានចំនួន១០គ្រួសារ  *ឃុំគោករវៀង មានចំនួន ១១គ្រួសារ។ 

ក្នុងនោះដែរក្នុងមួយគ្រួសារ ទទួលបាន អង្ករ មី អំបិល ស្ករស ប៊ីចេង ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ក្រមា មុង ភួយកន្ទេល ព្រមទាំងចែករទេះដល់ជនពិការចំនួន៨រទេះផងដែរ។ ដោយឡែក សិស្សសាលាថ្នាក់ទី១ និងទី២ចំនួន១១៥នាក់ ម្នាក់ៗទទួលបាន៖ កាតាប១, សៀវភៅ ១០ក្បាល, ខ្មៅដៃ ៥ដើម, ជ័រលុប ៣ដុំ, កាបូបខ្មៅដៃ១ឈុត, ដបទឹក ១ដប, ដែកខួង១, គូល័រផាត់ពណ៌ ១ឈុត។

ក្រៅពីសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចំពោះលោកនាយកសាលា លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាការពារ ក៏បានទទួល ការឧបត្ថម្ភនិងការលើកទឹកចិត្ត ផងដែរ៕ សំណាង៩៦


សូមរង់ចាំ ១០ វិនាទី