សម្តេចតេជោ ហ៊ុន សែន ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី លើកទី៤ ជាមួយបងប្អូនអ្នកសារព័ត៌មាន សរុបជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់ ត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អ ។ 

សម្ដេចមានប្រសាសន៍ថា « ដើម្បីផលិតព័ត៌មាន ឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់ នូវរឿងរ៉ាវពិតដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវ សរសេរព័ត៌មានទាំងល្អ និងមិនល្អ ដើម្បីចូលរួមធ្វើការកែលម្អ ក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គម ឲ្យរីកចម្រើន ។ »  សម្តេចក៏បានថ្លែងអំណរគុណ ដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួម សហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន ។ 

សម្តេចតេជោ ក៏បានធ្វើការណែនាំ ដល់អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន សូមចូលរួមគោរព ទៅតាមវិជ្ជាជីវៈព័ត៌មាន ឱ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ ក្នុងនោះសម្តេច ក៏បានដាក់សារដ៏សំខាន់មួយ សម្រាប់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំភ្លៃការពិត» ។ 

នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ពីគោលបំណង សម្រាប់ការរៀបចំឱ្យមានកម្មវិធីនេះថា គោលបំណងដើម្បីស្វែងយល់ អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ឱ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៌ច្បាស់លាស់ ដើម្បីបំរើសង្គមជាតិ ឲ្យកាន់តែរីកចម្រើន ៕ ដោយ ៖ រតនា

សូមរង់ចាំ ១០ វិនាទី