ចាប់បានរថយន្ត៣គ្រឿង និងជនសង្ស័យ៣នាក់ ដកហូតឈឺប្រណីតជាច្រើនដុំ , មេក្លោងពាក់ស្បែកជាមន្រ្តី

កំពង់ធំ ៖ ទោះបីជាសមត្ថកិច្ចបានប្រើប្រាស់ វិធានការណ៍ក្ដៅ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏ឈ្មួញឈើល្មើសច្បាប់ នៅតែមិនខ្លាចរអា និងមិនគោរព វិធានការណ៍ របស់រដ្ឋាភិបាលទាំងអស់ សំខាន់ពួកឈ្មួញទាំងនោះ ធ្លាប់មានបទពិសោធន៍ឆ្អិនឆ្អៅ ក្នុងការរត់ការបង់ សំណូក ទៅមន្រ្តីពុករលួយមួយចំនួន និងពួកគេមានខ្នងបង្អែក អាចមានល្បិច គេចពីភ្នែកមន្រ្តីត្រឹមត្រូវបាន យ៉ាងល្អ ។ មានឈ្មួញឈើល្មើសច្បាប់ខ្លះ បានដល់ថ្ងៃអន្សា ក៏ត្រូវសមត្ថកិច្ចចាប់បាន ។

ជាក់ស្ដែង ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបានឃាត់ខ្លួន ក្រោមការបញ្ជារបស់ លោក អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំបង្រ្កាបផ្ទាល់ ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងរាជអាវុធហត្ថស្រុកតាំងគោក នៅចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅវេលាម៉ោង១កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ជាលទ្ធផលនៃការបង្រ្កាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ ឈ្មោះ ឌីន រ៉ានី ប្រុស អាយុ៣០ឆ្នាំ ទី២-ឈ្មោះ សូ ស៊ីណាត ប្រុស អាយុ២៨ឆ្នាំ   (ម្ចាស់ស្ថានីយប្រេងសាំង និងទី៣ ឈ្មោះ ឆៃ វ៉ន ប្រុស អាយុ៣៩ឆ្នាំ ជាកម្មករបញ្ចូលហ្គាស និងម្នាក់ទៀត កំពុងតាមចាប់ខ្លួន ។ 

ដកហូតវត្ថុតាង រួមមាន រថយន្តចំនួន៣គ្រឿង ក្នុងនោះមាន រថយន្តម៉ាកធុនដ្រា(Tundra) ពណ៌ស ពាក់ស្លាកលេខខាងមុខសៀមរាប 2A-1647 ខាងក្រោយ ភ្នំពេញ 2M-6981 ២-រថយន្តម៉ាកធុនដ្រា(Tundra) ពណ៌ខ្មៅ ពាក់ស្លាក់លេខខាងមុខ ភ្នំពេញ2AJ-3164 ខាងក្រោយ ភ្នំពេញ 2P-6841  និង ៣-រថយន្តម៉ាកតាកុម៉ា(Tacoma) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6970 ឈើសុក្រំចំនួន២រថយន្ត មិនទាន់ដឹងចំនួន បានប្រគល់ឲ្យ កងរាជអាវុធហត្ថខេត្ត ជាអ្នកគ្រប់គ្រងរក្សាទុក ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ។ តាមប្រភពព័ត៌មាន ក្រៅផ្លូវការមួយ បានបង្ហើបថា រថយន្តដឹកឈើប្រណីតខុសច្បាប់ទាំងនេះ គឺដឹកចេញពីខេត្តព្រះវិហារ ដោយមានមេក្លោងពាក់ស្បែកជាមន្រ្តីផងដែរ ៕ ដោយ ៖ រតនា 

សូមរង់ចាំ ១០ វិនាទី