បើករថយន្តលឿន ជ្រុលបុករថយន្ត ដឹកទឹកកក បណ្ដាលស្លាប់ម្នាក់

ភ្នំពេញ ៖ អ្នកបើកបររថយន្ត តូយូតាព្រូសម្នាក់បានស្លាប់ បន្ទាប់ពីបើករថយន្ត យ៉ាងលឿនទៅបុក ជាមួយរថយន្តដឹកទឹកក កាលពីវេលាម៉ោង ៤និង៣០ នាទីទៀបភ្លឺ ថ្ងៃ១៦ ខែមករា ឆ្នាំ២០២០ ចំណុចផ្លូវបេតុង លេខ១១៧ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

អ្នកដែលស្លាប់ មានឈ្មោះ ប៉ា ចាន់ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ ក្នុងបូរីឈូកវ៉ា១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខរាជធានីភ្នំពេញ បើកបររថយន្តម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9139 រីឯរថយន្តដឹកទឹកកក ប្រភេទ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7485 តៃកុងបានចាកចេញពីកន្លែងកើតហេតុបាត់ ។ 

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តព្រូស បើកតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង បានប៉ះជាមួយម៉ូតូមួយគ្រឿងបន្តិចបន្តួច តែរថយន្តបាន ព្យាយាមបើករត់ ខណៈមកដល់ចំណុចកើតហេតុ បានបុកជាមួយ រថយន្តដឹកទឹកកក ដែលកំពុងបើកទិសដៅ ពីជើងមកត្បូង( បត់ឆ្វេង ) ពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរ រថយន្តព្រូស រងរបួសធ្ងន់ធ្ងរបំផុត ។ ភ្លាមៗត្រូវបានរថយន្តឯកជន ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ តែដល់ពាក់កណ្ដាលផ្លូវបានផុតដង្ហើម ទើបដឹកយកមក កន្លែងកើតហេតុវិញដើម្បីឲ្យសាច់ញាតិ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ៕ដោយ ៖ ធ្នូជ័យ

សូមរង់ចាំ ១០ វិនាទី