ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន មើលឃើញកម្ពុជាពេលនេះ ធៀបនឹង២០ឆ្នាំមុន ពិតជាទទួលបាននូវសុខសន្តិភាព យ៉ាងពិតប្រាកដ

ភ្នំពេញ ៖ លោកជំទាវ OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា នេះជាដំណើរទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា នៅក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកជំទាវ និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន ។ លោកជំទាវបានកត់សម្គាល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព យ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋកម្ពុជា មានទឹកមុខស្រស់ស្រាយ និងរស់រវើក។ នេះជាជោគជ័យ ដ៏ពិតប្រាកដ របស់កម្ពុជា ។ 

លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងឱកាស លោកជំទាវ បានទទួលជួបពិភាក្សាការងារ ជាមួយសម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព ។ 

លោកជំទាវ OBUCHI Chizuko បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំ យ៉ាងរស់រវើក ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ មកកាន់មជ្ឍមណ្ឌលស៊ីម៉ាក់ កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរ ទស្សនកិច្ចលើកនេះ ក៏បានទៅធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ អំពីអតីតកាល ដែលពេលនោះ ឯកឧត្តម Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងទស្សនកិច្ចនោះផងដែរ មានតែឯកឧត្តម Obuchi និងលោកជំទាវទេ ដែលជាជនជាតិបរទេស ធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីន នៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែឯកឧត្តម Obuchi ទេ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង បញ្ហាដោះមីននៅកម្ពុជានេះ ។ 

លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលបន្ថែមថា គឺឯកឧត្តម Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន នៅក្នុងការជួយ ដល់ប្រទេសកម្ពុជា ឲ្យមានការបោះឆ្នោត ក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជា មានជម្លោះដោយប្រដាប់អាវុធ នៅឆ្នាំ១៩៩៧ ។ ហើយ ឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើដំណើរ មកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុន នោះគឺជាប្រវត្តិសាស្ត្រ ។ ទន្ទឹមនឹងនេះ ឯកឧត្តមគឺជាមនុស្សទីពីរហើយ នៅក្នុងដំណាក់កាល របស់ឯកឧត្តម ជានាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលរួម ក្នុងប្រទេសកម្ពុជា សម្រាប់កិច្ចការជាច្រើន ជាពិសេសក្នុងការជំរុញ ឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាស ក្នុងការជួយ ដល់ប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ច របស់ឯកឧត្តមនោះ ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និង សូមជូនពរ ដល់លោកជំទាវOBUCHI Chizuko ទទួលបាននូវភាពជោគជ័យ ក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា៕ដោយ ៖ រតនា 

សូមរង់ចាំ ១០ វិនាទី