ថវិកា៥០ម៉ឺនដុល្លារត្រូវបានលោកឧកញ៉ាស៊ន សុខណាចំណាយសម្រាប់ការសាងសង់អាគារជូនមណ្ឌលសុខភាពសម្តេចឪព្រែកថ្មី

ភ្នំពេញ៖ប្រធានសូណាត្រាគ្រុប និងជាប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទើតកម្ពុជា លោកឧកញ៉ា ស៊ន សុខណា បានប្រកាសចំណាយថវិកា៥០ម៉ឺនដុល្លា ដើម្បីសាងសង់អាគារមន្ទីពេទ្យជូនដល់មណ្ឌលសុខភាពសម្តេច ឪព្រែកថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមកោះក្របី សង្កា​ត់​​ព្រែកថ្មី ខណ្ឌច្បារអំ​ពៅ រាជធានីភ្នំពេញ ក្រោយពីសង្កេត ឃើញថា មណ្ឌលសុខភាពនេះខ្វះខាតអគារសម្រាប់ប្រើប្រាស់។

ការប្រកាសនេះ បានធ្វើឡើងនៅពេលដែលលោកឧកញ៉ាស៊ន សុខណា បានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ដើម្បីចុះពិនិត្យ មើលស្ថានភាពជាក់ស្តែង នៅទីតាំងមណ្ឌលសុខភាពសម្តេចឪព្រែកថ្មី កាលពីថ្ងៃទី៦ ខែឧសភាម្សិលមិញនេះ។

បើតាមលោកវេជ្ជបណ្ឌិតសួង ពិសេស ប្រធានមណ្ឌលសុខភាពសម្តេចឪព្រែកថ្មី បានឲ្យដឹង ថា បច្ចុ​ប្បន្ននៅមណ្ឌលសុខ ភាព មានក្រុមគ្រូពេទ្យបម្រើការងារចំនួន៧រូប ដែលមានការផ្លាស់ប្តូរវេនប្រចាំការទាំងយប់ទាំងថ្ងៃ ហើយសព្វថ្ងៃនេះ នៅ ក្នុងមន្ទីពេទ្យ ពិតជាមានការខ្វះខាតនូវសំភារៈប្រើប្រាស់ពិតប្រាក​​​ដមែន ដូចជា៖សំភារៈសម្រាប់ផ្តល់សេវាសម្រាលកូន និងឪសថជាដើម។

នាឱកាសនោះលោកឧកញ៉ាស៊ន សុខណា​ បានថ្លែងថា មណ្ឌលសុភាព គឺជាទីតាំងចាំបាច់បំផុតដែលនៅជិតផ្ទះ របស់ ប្រជាពលរដ្ឋ ដើម្បីងាយស្រួលទទួលបានសេវាព្យាបាល ដែលមានតម្លៃសមរម្យ ជួយសម្រាលបន្ទុកការលំបាករបស់ ប្រជាពលរដ្ឋដែលជីវភាពមធ្យម ឬខ្វះខាត ដោយអាចទទួលបានសេវាសុខាភិបាលពីរដ្ឋ តាមរយះក្រុមគ្រូពេទ្យ ដែល ប្រចាំការជារៀងរាល់ថ្ងៃ។

លោកឧកញ៉ាប្រធានសូណាត្រាគ្រុប បានថ្លែងបន្ដ ថា ដោយសង្កេតឃើញ ថា នៅមណ្ឌលសុខភាពសម្តេចឪព្រែកថ្មីបច្ចុ ប្បន្នមានការខ្វះខាតដូចជា អាគារពិនិត្យព្យាបាល សំភារៈបរិក្ខាពេទ្យ ថ្នាំព្យាបាលជាដើមនោះ ទើបលោកឧកញ៉ាខិតខំ ប្រឹងប្រែងស្វែងរកនូវមូលនិធិពីបរទេស ពីសមាជិកអតីនិស្សិតសាក​លវិទ្យាល័យឆាលស្ទើតកម្ពុជា រួមនឹងថវិការបស់ លោកឧកញ៉ាផ្ទាល់ ដើម្បីធ្វើយ៉ាងសាងសង់នូវអាគារចំនួន២ខ្នងទំហំ៨ម៉ែត្រគុណនឹង២៨ម៉ែត្រ ព្រមទាំងបំពាក់គ្រែ សម្រាប់អ្នកជំងឺ រួមទាំងឧបករណ៍ពេទ្យ និងឪសថមួយចំនួន នៅក្នុងមណ្ឌលសុខភាពសម្តេចឪព្រែកថ្មីនេះ ថែមទៀត។

លោកឧកញ៉ាស៊ន សុខណា​ បានបញ្ជាក់ ថា សម្រាប់គ្រឿងបរិក្ខាពេទ្យ ឪសថ គឺបានមកពីការគាំទ្រពីសំណាក់ ក្រុមហ៊ុន ឌីណាម៉ិច ហើយអាគារគ្រោងសាងសង់នេះ នឹងមានការសិក្សាបច្ចេកទេសពីអ្នកជំនាញជប៉ុន ធ្វើយ៉ាងណាឲ្យមានគុណ ភាព ទុកប្រើប្រាស់បានយូរអង្វែងតកូនតចៅ។

ជាមួយគ្នានេះលោកឧកញ៉ា បានបង្ហើបឲ្យដឹងដែរ ថា នឹងមានគម្រោងក្នុងការរៀបចំអោយមានអគារ ដើម្បីថែទាំមនុស្ស ចាស់នៅក្នុងបរិវេណមណ្ឌលសុខភាពនេះផងដែរ។

លោកវេជ្ជបណ្ឌិតសួង ពិសេស ក្នុងនាមជាប្រធានមណ្ឌលសុខភាព បានសម្ដែងក្ដីត្រេអរចំពោះលោកឧកញ៉ាស៊ន សុខ ណា និងសប្បុរជននានា ព្រមទាំងក្រុមការងារ ដែលបានយកចិត្តទុកដាក់ផ្តល់ជូននូវអាគារ សំភារៈ និងឪសថ ជូនដល់ មណ្ឌលសុខភាពរបស់លោក។

ក្នុងនោះលោកប្តេជ្ញាចិត្ដ ថា នឹងបន្តខិតខំធ្វើយ៉ាងផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពល​រដ្ឋ មកគ្រប់ទិសទីឲ្យអស់ពី កម្លាំងកាយចិត្ត ក្នុងគោលដៅកាត់ការចំណាយមួយចំនួនជូនពួកគាត់៕